ប្រវត្តិ​របស់​ក្រុម

ក្រុម​ធំ ធំ ជា​ដំបូង​ឡើយ គឺចាប់​ផ្ដើម​ឡើង​ដោយ​ប្រវត្តិ​រឿង​មិត្តភាព​ដែល​មាន​ទំហំ​យ៉ាង​ធំធេង​ដ៏​​គួរ​ស្ញើចសសើរ​មួយ ។

ជា​ចំណង​មិត្តភាព​រវាង​អ្នក​កាន់​ហ្គីតា​ជនជាតិ​ខ្មែរ​​​ឈ្មោះ​ សុពណ៏ ដែល​និយាយ​ភាសា​បារាំង ហើយ​​ក៏​ជា​អ្នក​ដែល​ស្រលាញ់​​វប្បធម៌​បារាំង​ផង​ដែរ ​និង​ម្នាក់​ទៀតជា​​អតីត​​អ្នក​លេង​ហ្គីតា​ឈ្មោះ ហ្សង់ ហ្វីលីព​​ ដែល​បាន​មក​កាន់ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចុង​ឆ្នាំ 2002 ក្នុង​គោល​បំណង​ដើម្បី​បង្រៀន​ភាសា​បារាំង និង​ភាសា​អង់​គ្លេស​ ។

ក្នុង​ពេល​ដែល​ ហ្សង់ ហ្វីលីព​​ ​ជួយ​បង្ហាត់​បង្រៀន​ហ្គីតា​ដល់​និសិ្សត​ខ្មែរ​​ដែល​ចាប់​អារម្មណ៏​ចង់​ចេះ​ចង់​ដឹង​ពី​របៀប​លេង​ហ្គីតានៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកលវិទ្យាល័យ​ភូមិភ្នំពេញ ។ ពេល​នោះ​​ក៏​មាន​​សុពណ៏ ម្នាក់​ដែរ​ដែល​ជានិសិ្សត​នៅ​ទីនោះ ហើយ​​ដែល​តែង​តែ​មាន​ក្តី​សង្ឃឹម​​ថា​ថ្ងៃ​ណា​​មួយ​ខ្លួន​នឹង​អាចលេង​ហ្គីតា​បាន​ល្អ​ ។​ សុពណ៏ បាន​ចូល​រួម​ក្នុង​ការ​ក៏​ហាត់​រៀន​ជា​មួយនិង​និស្សិត​មួយ​ចំនួន​ទៀត​​ដែល​មាន​ ហ្សង់ ហ្វីលីព​​ ជា​អ្នក​ជួយ​បង្ហាត់​បង្ហាញ ។ នៅ​ទី​នេះ​ហើយ​ដែល​តូ​ឯក​​ក្នុង​សាច់​រឿង​ទាំង​ពីរ​នេះ​បាន​​ជួប​គ្នា​ជា​លើក​ដំបូង​ ។ ការ​ខិតខំ​​និង​ការ​ចង់​ចេះ​ចង់​ដឹង​របស់​និស្សិត​ខ្មែរ​នៅ​ទីនោះ​បាន​ធ្វើ​អោយ​ជនជាតិ​បារាំង​រូបនេះ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​ធ្វើ​អោយ​គេ​មាន​ចិត្តចង់​ជួយ​បណ្ដុះ​បណ្ដាល​អោយ​ចេះ​​បង្កើត​ស្នាដៃ​​និង​ចេះ​សសេរ​នូវ​សាច់​ភ្លេង​ដោយខ្លួន​​ឯង​​ផ្ទាល់ ។

បន្ទាប់​ពី​បាន​ស្គាល់​គ្នា​ដោយ​ការ​ហាត់​រៀន​ហ្គីតា​រួច​មកនូវ​ឆ្នាំ​2003 ក្រុម​ដន្រ្តី​ដែល​មាន​ឈ្មោះ​ថា​ វាលស្រែ​ បាន​ចាប់​កំណើត​ឡើង ។ ​ ក្នុង​​ក្រុម​នេះ​​មាន​សុពណ៌ ហ្សង់ ហ្វីលីព អ្នកទាំង​ពីរ​​ជា​អ្នក​លេង​ហ្គីតា​ដូច​គ្នា ក្នុង​នោះ​ក៏​មាន​​​អ្នក​លេង​ហ្គីតាបាសនិង​ច្រៀង​ម្នាក់​ទៀត​ ថែម​ទាំង​អ្នក​វាយ​ស្គរ​ជនជាតិ​បារាំង​ម្នាក់​ទៀត​ផង​ដែរ ។

នៅចន្លោះ​ខែ វិច្ឆិការ​ ​ឆ្នាំ2003​ ​និង​កញ្ញា ឆ្នាំ 2005 ក្រុម​ដន្រ្តី​ដែល​មាន​ឈ្មោះ​ថា វាលស្រែ​​ ​នេះ​បាន​ចេញ​​អាល់ប៊ុម​របស់​ខ្លួន​ដែល​មាន​ជា​ពីរ​ភាសា អាល់ប៊ុម​ទី​មួយ​​មាន​ឈ្មោះ​ថា ទេ ទេ ទេ​ ទេ...និង អាល់ប៊ុម​ទី​ពីរ​ ពិភពលោក​ជា​របស់... ការ​ថត​និង​ផលិត​​​អាល់ប៊ុម​នេះ​​ហ្សង់ ហ្វីលីព​​ ដែល​មាន​សុពណ៏ ចូល​រួម​ផង​ដែរ​នោះ​បាន​ខិតខំអស់​ទាំង​កំលាំង​ចិត្ត​និង​កំលាំង​កាយ រីឯអ្នកឧបត្ថម្ភ​​​សំខាន់​ដល់​ក្រុម​ដន្រ្តី​នេះក្នុងការ​​ផលិត​ជា​ CD គឺ​បានមក​​​ពី​សំ​ណាក់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​ឧបត្ថម្ភ​​​អោយ​​ក្រុម​ដន្រ្តី​នេះ​អាច​ធ្វើ​ការ​ប្រគុំ​ភ្លេងនៅ​​តាម​ទី​កន្លែង​ផ្សេងៗ​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ថែម​ទាំង​តាម​ខេត្ត​មួយ​ចំនួន​ទៀត​ផង ។

នៅ​ចុង​ខែ​កញ្ញា ឆ្នាំ2005 ដំណើរ​​ផ្សងព្រេង​របស់​​ក្រុម វាលស្រែ បាន​ត្រូវ​ឃ្លាត​ចាក​ពី​ឆាក​សិល្បៈដន្រ្តី មូលហេតុ​ដោយ​អ្នកចំរៀង​និង​​លេង​ហ្គីតាបាស​​បាន​បញ្ចប់​ការ​សិក្សា​នូវ​វិទ្យាស្ថាន​ភាសា​បរទេស ​។ ដោយ​​​ជាប់​រវល់​នឹង​ការងារ​នៅ​ឯ​ខេត្ត​​សៀមរាប ពេល​​​នោះ​ធ្វើ​​អោយ​ការ​ហាត់​ភ្លេង​​និង​ការ​សសេរ​អត្ថបទ​ថ្មីៗ​​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន ។

នៅខែ​ តុលា ឆ្នាំ2005 សុពណ៌ ត្រូវ​ចាក​ចេញ​ពី​មាតុភូមិ​មួយ​រយៈ​ដើម្បី​ទៅ​ហាត់រៀនមុខ​ជំនាញ​ខាង​សោតទស្សន៏​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ។ នៅ​ពេល​ដែល​ សុពណ៌​ ត្រលប់​ពី​ប្រទេស​បារាំង​មក​វិញ​នៅ​ខែ​មករា​ 2006សុពណ៌​ និង​ ហ្សង់ ហ្វីលីព​​ បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ថ្មី​មួយទៀត​ដើម្បី​បំពេញ​តាម​តំរូវ​ការ​​ប្រគុំដន្រ្តី​នៅ​តាម​ខេត្ត​ក្រុង​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ។

ក្រោយ​មក​​ក្រុម​ថ្មី​ក៏​​បាន​ចាប់​កំណើត​ឡើង​ ដោយ​មាន​អ្នកចំរៀង​និង​អ្នក​លេង​ហ្គីតាបាស​​ថ្មី​ពីរ​រូប​​ចូល​រួម​ផង​ដែរ​នៅ​ក្នុង​ការ​ថត​អាល់ប៊ុម​ថ្មី​ឈ្មោះ​ថាៈ យើង​មិន​មែន​ជា​ឆ្កែ ! : គឺជា​​អាល់ប៊ុម​ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ក្ដៅគគុក​ដែល​​មាន​នៅ​ក្នុង​ក្រុម​ថ្មី​ឈ្មោះ ​ទឹកម្ទេស​ ។ ការ​ប្រគុំ​ដន្រ្តី​ធ្វើ​ឡើង​ជា​ញឹក​ញាប់​នៅ​តាម​​បណ្ដា​ខេត្ត​ក្រុង​ជា​​បន្តឥត​ឈប់ឈរ ​លើក​ចុង​ក្រោយ​បង្អស់​​នៃ​ការ​ប្រគុំ​ដន្រ្តីគឺ​នៅ​​ពេល​ទិវា​បុណ្យ​ដន្រ្តីកាល​ពី​ឆ្នាំ 2006 ។ បន្ទាប់​ពី​ការ​​ប្រគុំ​ដន្រ្តី​​លើក​ចុង​ក្រោយ​នេះ​មក អ្នក​លេង​ហ្គីតាបាស​ឈ្មោះ Pierre ​បាន​ទទួល​ការងារ​ថ្មី​​សំខាន់​មួយនៅ​ប្រទេស Argentine ដែល​តំរូវ​អោយ​គាត់​ចាកចេញពី​ទឹកដី​នៃក្ដី​សង្ឃឹម​នេះ​ដោយ​​​ក្តី​អាលោះអាល័យ ។

នៅរដូវ​​ក្ដៅឆ្នាំ 2006 សុពណ៌​ និង​ ហ្សង់ ហ្វីលីព​​ បាន​ចូល​រួម​ការងារ​ជាមួយ​មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា មជ្ឍមណ្ឌល​​បូផាណា ។

នៅរដូវធ្លាក់ខ្យល់ឆ្នាំ 2006 គឹ​ជា​វេន​របស់ ហ្សង់ ហ្វីលីព ដែល​ត្រូវ​ត្រលប់​ទៅ​ស្រុក​កំណើត​នៅ​ឯ​ប្រទេស​បារាំង​ដើម្បី​ជូបជុំ​គ្រួសារ ។ ពេល​ដែល​ហ្សង់ ហ្វីលីពត្រលប់​មកវិញ មានសុពណ៌​ ​​នៅរង​ចាំ​យ៉ាង​​អន្ទះសារ ​និង​ដោយ​ពោរពេញ​ទៅ​ដោយ​ក្ដី​​សង្ឃឹម​ចំពោះ​គំរោង​ថ្មី​​ក្នុង​ការ​បង្កើត​ក្រុម​​ថ្មី​មួយ​ទៀត​ដែល​​មាន​ដន្រ្តីករ​​បី​នាក់​ដូច​ក្រុម​ Nirvana, The Police, ZZ Top, Therapy ជា​ដើម ។ ហ្សង់ ហ្វីលីព បាន​សំរេច​ចិត្ត​ទុក​ហ្គីតា​​របស់​ខ្លួន​មួយ​ឡែក​សិន​ដោយ​ចាប់​យក​​ការ​លេង​ស្គរ​​ជំនួស​វិញ ។ ពី​មុន​ ហ្សង់ ហ្វីលីព ធ្លាប់​​​បាន​លេង​ស្គរ​បាន​​មួយ​រយៈ​ខ្លី​ជាមួយ​ក្រុម​ដន្រ្តី ​Grabuge ក្នុង​ឆ្នាំ​2006ដែលអ្នក​លេង​ភ្លេង​​សុទ្ធសឹង​តែ​ជា​គ្រូ​បង្រៀន​នៅ​សាលា​ភាសា​បារាំង​ លីសេដេកាត​ ។​ ក្រុម​ដន្រ្តី ​Grabuge ធ្លាប់​​បាន​ទទួល​ជោគជ័យ​​​ក្នុង​ឱកាស​ទិវា​ដន្រ្តី​ឆ្នាំ2006រួច​មក​ហើយ​បន្ទាប់​ពី​បាន​ចេញ​អាល់ប៊ុម​របស់​ខ្លួនមក ។ Phnom Penh Musette.

ដោយ​ក្តី​​​ស្រលាញ់​នូវ​វិស័យ​ភ្លេង​ដ៏​លើសលប់​​និង​ចង់​អោយ​​​​វប្បធម៌​មួយនេះ​មាន​ដំណើរ​ការ​ទៅ​មុខ​ជា​បន្ត​ទៀត​នោះ ​​​​សុពណ៌​ និង​ ហ្សង់ ហ្វីលីព​​ បាន​ជ្រើសរើស​ ណាឡែន ដែល​ជា​មិត្ត​រួម​ថ្នាក់​របស់​សុពណ៌​ អោយចូលរួម​ក្នុង​ដំណើរ​ការ​នេះ ។ ណាឡែន​ ដែល​ធ្លាប់​បានប្រឡូក​​ក្នុង​ការ​​ចេញ​ទៅ​ សំដែង​ដន្រ្តី​នៅ​តាម​ខេត្ត​ក្រុងនានា​ជា​មួយ​នឹង​ក្រុម​ទឹកម្ទេស​ រួច​មក​ហើយ​ខ្លះ​នោះ ក៏​មាន​ការ​រីករាយ​​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​​​ការ​ចូលរួម​ជាមួយ​ពួកគេ ។ ម៉្យាង​វិញ​ទៀត​នេះ​ជា​​ក្តី​ស្រម៉ៃដ៏ផ្សងព្រេងមួយ​របស់​ណាឡែន​ ដែល​ស​ង្ឃឹម​ថានឹង​មាន​ថ្ងៃណាមួយ​​​នាង​អាច​ចូលរួម​​ជា​សមាជិក​ដន្រ្តីករ​មួយ​រូប​ ។ ​ហ្គីតាជា​ឧបករណ៏​ដំបូង​​របស់​ណាឡែន​ ​ក្រោយ​មក​ដោយ​​អ្នក​លេង​ហ្គីតា​បាសរបស់​ក្រុម​ទឹកម្ទេស​ ​ចាកចេញ​ពី​ស្រុក​ខ្មែរ​ទៅ​ហើយ​នោះ ជា​ឧកាសដែលណាឡែន​បាន​ចាប់​ផ្ដើម​កាន់​យក​ហ្គីតាបាស​វិញ​ម្ដង ។ បន្ទាប់​មក​នាង​បាន​ចាប់​ផ្ដើម​រៀន​​ដោយ​យក​ចិត្ត​ទុកដាក់ព្យាយាម​បំផុត មិន​យូរ​ប៉ុន្មាន​​ ណាឡែន​ក៏​ចាប់​​អាច​ប្រគុំ​ជា​ក្រុម​បាន ។

នៅ​ថ្ងៃ 31 ធ្នូ ឆ្នាំ​2006 បន្ទាប់​ពីបាន​វឹកហាត់​ប្រគុំ​ភ្លេង​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៏​រួច​មក​ ក្រុម​ធំ ធំ​ជា​ក្រុម​ភ្លេង​ដែល​មាន​​សាច់​ភ្លេង​កន្រ្តាក់​អារម្មណ៏​ខ្លាំងៗ និង​មាន​ដន្រ្តីករ​ថ្មី​​មួយរូប​ថែម​ទៀត ក៏បាន​ធ្វើ​ការ​ប្រគុំភ្លេង​ជា​លើក​ទី​មួយ​របស់​ខ្ឡួន​នៅ​ហាង​មួយ​ដែល​មាន​ឈ្មោះ​ថា Zeppelin Caféហើយ​ក៏​បាន​បន្ត​ដំណើរ​ក្នុង​ជួរ​សិល្បៈ​ខ្មែរជា​បន្ត​បន្ទាប់​​មក​ទៀត ។

[ ត្រលប់​ទៅ​ទំព័រ​លើ ]